
ក្រោមហេតុផលមួយ...
ក្នុងព្រលានយន្តហោះអន្តជាតិ សម្រិបជើងមនុស្សដើរចេញ ចូល ទៅមក ពិសី ឈរមើលគាត់អូសវ៉ាលីចូលទៅខាងក្នុង។ ត្រឹមការឱបមុនចាកចេញ ក៏គាត់មិនព្រមប្រគល់ឱ្យនាងដែរ។ដៃដែលលើកលា ទម្លាក់ចុះដោយក្ដីអស់សង្ឃឹម។ ពិសី យំ។ ពិសី ហាមឃាត់គាត់។ ជាលិទ្ធផល គាត់មិនអើពើ។ អស់រយៈកាលជាច្រើនឆ្នាំ ដោយក្ដីនឹករលឹកចំពោះម្ដាយ ធំធេងពន់ពេក ពិសី សម្រេចចិត្តចំណាយលុយ ស៊ើបសួរពីដំណឹងគាត់។ នាងទទួលបានបណ្ដាញសង្គមរបស់គាត់ល្អពេក តែពេលទាក់ ទងទៅ គាត់បែរជាមិនទទួល។ ពេលឆាតសួរនាំ គាត់ចូលមើលហើយតែមិនឆ្លើយតបមកវិញ។ ខួរក្បាល ពិសី និយាយបន្លប់ចិត្តថា មកពីគាត់រវល់ហើយ ទើបមិនមានពេលកាន់ទូរសព្ទ មិនមានពេលឆ្លើយតបនឹងនាង។ លើកទីមួយ លើកទីពីរ លើកទីបី និងជាច្រើនលើក ច្រើនសារ ដែលនាងកុហកខ្លួនឯង។ ចម្លើយចិត្តគាត់បែបណា ពិសី ដឹងច្បាស់ណាស់ តែនាងនៅមិនអាចកាត់ចិត្តបាន។ រាល់ពេលនឹកគាត់ នាងបានត្រឹមដេកឱបកងដៃ មួយនេះ។ ថ្ងៃណាមួយ... ប្រសិនបើមានថ្ងៃមួយនោះ... ថ្ងៃដែលគាត់ត្រឡប់មកវិញ នាងនឹងលាតសន្ធឹងដៃរង់ចាំឱបគាត់ ប្រាប់គាត់ថាកូនស្រីម្នាក់នេះធំហើយ។ ការបន់ផ្សង នៅតែជាការបន់ផ្សង ដែលគ្មាននរណាអាចស្ដាប់ឮ។ ហើយចុងបញ្ចប់ នាងបន្តនៅម្នាក់ឯង ញ៉ាំបាយម្នាក់ឯង ដេកម្នាក់ ដើរម្នាក់ឯង។
អានប្រលោមលោកខ្មែរអនឡាញតាមទូរស័ព្ទ · ចូលដោយ Telegram · បង់តាម ABA KHQR